សង្គម

វត្តមាននៃ​អង្គការសហប្រជាជាតិ បានជះឥទ្ធិពល​យ៉ាងខ្លាំង​ទៅលើ​សង្គម និងវិស័យ​សារព័ត៌មាន ខណៈ​ដែល​ប្រទេស​កម្ពុជា បាន​ពុះពារ​ឧបសគ្គ​យ៉ាង​សន្សឹមៗ​ នៃ​ប្រវត្តិសាស្ត្រ​ដ៏​ឯកោ​របស់ខ្លួន និងបាន​ក្លាយជា​ប្រទេស​មួយ​ នៅក្នុង​ចំណោម​ប្រទេស​ដែល​ទទួលបាន​មូលនិធិ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ពី​បរទេស​។ ជា​លទ្ធផល អង្គការ​មិនមែន​រដ្ឋាភិបាល​អន្តរជាតិ និងក្នុងស្រុក បាន​មាន​វត្តមាន​នៅ​គ្រប់​ខេត្ត និងនៅក្នុង​វិស័យ​សំខាន់ៗក្នុង​ប្រទេស​កម្ពុជា តាមរយៈ​ការផ្តល់នូវ​ការគាំទ្រ​ផ្នែក​សេវា​សង្គម​ជា​មូលដ្ឋាន​។ 

ជាមួយគ្នានេះ វា​ក៏​បាន​ឈាន​ទៅ​ដល់​ការអភិវឌ្ឍប្រព័ន្ធ​ផ្សព្វផ្សាយ​ផងដែរ [Roberts ឆ្នាំ២០១១]។ ថ្វីបើ​មាន​ការកែលម្អមួយចំនួន ​នៅក្នុង​ផ្នែកនៃ​ច្បាប់​​ស្ដីពីសារព័ត៌មាន ឬ​សគល់​ដែលជាឧបសគ្គសម្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដោយ​សេរី និង​ការប្រឈមមុខ​សម្រាប់​អ្នកកាសែត គឺ​នៅតែ​មាន​។ ឧទាហរណ៍ ការភ័យខ្លាច​នៃ​ការរិះគន់​អាជ្ញាធរ​ និង​ការ​រឹតបន្តឹង​ក្នុង​ការផ្សព្វផ្សាយ ត្រូវ​បាន​ជ្រួតជ្រាប​យ៉ាង​ជ្រៅ​ ក្នុង​វប្បធម៌នៃការយក​ព័ត៌មាន​របស់​អ្នក​ផ្សាយ​ព័ត៌មាន និង​អ្នកកាសែត​។ វិស័យ​សារព័ត៌មាន ត្រូវ​បាន​អនុវត្ត​ជា​ទម្លាប់​ប្រពៃណី ដោយ​មិន​ប្រកាន់​ភ្ជាប់​នូវ​ទំនួល​ខុស​ត្រូវទៅកាន់​សាធារណៈ ហើយ​នេះ​នាំឲ្យ​មាន​និទណ្ឌភាព​ក្នុងសង្គម [Roberts, ២០១១]។ ចាប់តាំងពី​ឆ្នាំ១៩៩២មក អ្នកកាសែតយ៉ាងហោចណាស់ ១៣នាក់ ​ត្រូវបាន​សម្លាប់ និង​ឆ្នាំ​២០១៤ ជា​ការសម្លាប់​អ្នកកាសែត​កម្ពុជា​ចុង​ក្រោយ​បំផុត​ ចាប់តាំងពី​ឆ្នាំ​១៩៩៧​មក។

​នៅក្នុង​សារព័ត៌មាន​​ប្រទេស​កម្ពុជា​ មិនសូវ​មាន​ការផ្សព្វផ្សាយបញ្ហានយោបាយ​ច្រើន​នោះទេ ហើយ​គ្រឹះស្ថាន​ផ្សព្វផ្សាយ​ភាគច្រើន ផ្តោត​សំខាន់​ទៅលើ​បញ្ហា​អន្តរជាតិ និងក្នុង​តំបន់​ ជាពិសេសនៅលើ​កញ្ចក់​ទូរទស្សន៍ និងវិទ្យុ​។ ប្រធានបទ​ដែល​ទាក់ទិន​នឹង​បញ្ហានយោបាយ​ ដែល​មាន​លក្ខណៈ រសើប​ មានដូចជា អំពើពុករលួយ ច្បាប់​ និង​ប្រព័ន្ធយុត្តិធម៌ ជម្លោះ​នយោបាយ យោធា សិទ្ធិមនុស្ស ឬបញ្ហាដីធ្លី និងប្រព័ន្ធ​ផ្សព្វផ្សាយ​សារព័ត៌មាន​។ បញ្ហា​ទាំងនេះ ​ភាគច្រើន​មិន​ត្រូវបាន​យកមក​ពិភាក្សានៅក្នុង​ការប្រជុំ​ ដើម្បី​សរសេរ​ព័ត៌មាន​នោះទេ [Chivoin, Pin, Sok (២០១៣), ទំព័រ២២​។ វា​មាន​តែ​ចន្លោះ​តិចតួច​បំផុត​ ដើម្បី​ធ្វើ​សេចក្តីរាយការណ៍​អំពី​ការវិវឌ្ឍ​នៃ​ទីផ្សារ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ នៅក្នុង​ប្រទេស​កម្ពុជា​។ ទោះបី​ស្ថិត​ក្នុង​បរិបទ​បែបនេះ និង​កង្វះខាត​នៃ​ប្រភព​ព័ត៌មាន​ដែល​អាច​ជឿ​ទុកចិត្ត និង​មាន​ភាព​ឯករាជ្យ​ក៏ដោយ ក៏​ប្រជាជន​កម្ពុជា​ភាគច្រើន​ នៅ​តែ​ជឿ​លើ​ព័ត៌មាន​ដែល​មាន​នៅ​តាមប្រព័ន្ធ​ផ្សព្វផ្សាយ​។ ការជឿ​ទុកចិត្ត​នៅក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ​នេះ ​នៅតែ​មាន​កម្រិត​ខ្ពស់​។ ពោល​គឺ យុវជន​ចាត់ទុក​ប្រព័ន្ធ​ផ្សព្វផ្សាយ ជា​ប្រភព​ព័ត៌មាន​ដែល​អាច​ទុកចិត្តបាន ទាក់ទិន​នឹង​បញ្ហា​ការចូលរួម​ក្នុងសង្គម និងប្រភព​ព័ត៌មាន​មួយ​សម្រាប់​ការរាយការណ៍​បង្ហាញ​ពី​លទ្ធភាព​នៃ​ការចូលរួម​ក្នុងសង្គម (​ទូរទស្សន៍: ៦៥%, វិទ្យុ: ៦៤%) [អង្គការ BBC Media Action, ២០១៤]។​

ការជឿ​ទុកចិត្ត​នៅក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ ក៏មាន​ការពាក់ព័ន្ធទៅ​នឹង​កម្រិតយល់ដឹង​ ក្នុង​ការប្រើប្រាស់ប្រព័ន្ធ​ផ្សព្វផ្សាយ​ផងដែរ។ ពោល​គឺ ខណៈពេលដែល​ប្រជាជន​កម្ពុជា​ជាង​ ៨០%​ មាន​ការចេះដឹង​ក្នុងការអាន ​និង​សរសេរ​អក្សរ គេ​សង្កេតឃើញថា ​លទ្ធភាព​ទទួលបាន​ព័ត៌មាន​នៅ​តែ​ជា​បញ្ហា​ប្រឈម ដោយចំនួន​ប្រជាជន​ជាង ​៨០​% បាន​កំពុង​រស់នៅ​ក្នុង​តំបន់​ជនបទ។ ទន្ទឹមនឹងនេះ ខណៈពេល​កុមារ​កម្ពុជា​ច្រើន​ជាង ៩៥%​ ទទួលបាន​ការអប់រំ​នៅតាម​សាលារៀន គេ​ឃើញ​ថា ​កង្វះ​គុណភាព​នៃការអប់រំ រួមទាំងការអប់រំ​ប្រព័ន្ធ​ផ្សព្វផ្សាយ នៅតែ​ជា​បញ្ហា​ប្រឈម​ដ៏​ចម្បង ។​

ជា​លទ្ធផល មិន​មាន​ការតវ៉ា​ជា​សាធារណៈ​ណាមួយ អំពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដែល​មាន​លក្ខណៈលម្អៀង ការរាយការណ៍​គ្មាន​គុណភាព ឬ​អវត្តមាន​នៃ​រឿងរ៉ាវ​ដែល​មាន​តម្លៃ​ជា​ព័ត៌មាន​នោះ​ទេ​។ បើទោះបីជាក្រសួង​អប់រំ​ កាល​ពី​ថ្មីៗ​នេះ បាន​សម្រេចចិត្ត​ដាក់បញ្ចូល​ការសិក្សា​យល់ដឹង​អំពី​ប្រព័ន្ធ​ផ្សព្វផ្សាយ នៅក្នុង​កម្មវិធី​សិក្សា​តាម​សាលា​ក៏​ដោយ​​ ក៏​គេ​ឃើញថា របៀប​សិក្សា​បែប​ទូលាយ​នេះ មិនទាន់​បាន​រួមចំណែក​ទៅដល់​ស្ថានភាព​យល់ដឹង​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅឡើយ​ទេ​។​

​ការអប់រំ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ កាន់តែ​មាន​សារៈសំខាន់ ជាពិសេស​លើ​ការពិចារណា​លើ​ផល​វិជ្ជមាន នៃ​ការយល់ដឹង​លើ​ផ្នែក​ប្រព័ន្ធ​ផ្សព្វផ្សាយ ដែល​អាច​មាន​ឥទ្ធិពល​ទៅលើ​មនុស្ស​ជំនាន់​ក្រោយ​។ ​ពោល​គឺ ការយល់ដឹង និង​ការចូលរួម​ក្នុង​សង្គម​ស៊ីវិល និង​ផ្នែក​នយោបាយ គឺ​កាន់តែ​មាន​លក្ខណៈ​កើនឡើង​ខ្ពស់​ ក្នុងចំណោម​យុវវ័យ​ប្រើប្រាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ ជាជាង​យុវជន​ប្រើប្រាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដោយ​ងងឹត​ងងល់ ហើយ​ពួកគេ​ទំនង​ជា​បាន​យលដឹង​ច្រើន អំពី​រដ្ឋសភា​ជាតិ (៨០% ទល់នឹង ៣៩%) ក្រុមប្រឹក្សា​ឃុំ​សង្កាត់ (៨៩% ទល់នឹង ៦១%) និងប្រជាធិបតេយ្យ (៧៥% ទល់នឹង ៣៣%)។ លំនាំ​នេះហាក់ដូច​លេចឡើង​ជាថ្មី​ម្តងទៀត នៅពេល​ដែល​ពិចារណា​អំពីចំណេះដឹង​នៃ​ការរាយការណ៍​ព័ត៌មាន​។ វា​មានន័យថា យុវវ័យ​ដែល​ប្រើប្រាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ បាន​កើនឡើង​ស្ទើរតែពីរដង​ ដូចនឹង​យុវជន​ដែល​ប្រើប្រាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដោយ​ងងឹត​ងងល់ ហើយ​អះអាងថា ពួកគេ​យល់​ពី​និយមន័យ​ទាំងនោះ​។ [BBC Media Action, ២០១៤]។


​ប្រភព​៖
-​ ​Roberts (2011). The Media Map Project Cambodia. Case Study on Donor Support to Independent Media, 1990-2010. (p.11, 25).
-​ UN Development Program (2015). Country information.
-​ UNICEF (NO YEAR) retrieved from http://www.unicef.org/cambodia/3.Education.pdf. 
-​ BBC Media Action (2014).
-​ Chivoin, Pin, Sok (2013). Governance reporting: a Content  analysis of Cambodian Media outlets.
-​ The Diplomat (2013). [NGOs in Cambodia: it’s complicated (http://thediplomat.com/2013/12/ngos-in-cambodia-its-complicated/).