អង្គការ​អ្នករាយការណ៍គ្មានព្រំដែន

 

អង្គការ​អ្នករាយការណ៍គ្មានព្រំដែន ត្រូវបានបង្កើតឡើងនៅក្នុងទីក្រុង Montpellier ប្រទេសបារាំង ក្នុងឆ្នាំ១៩៨៥ ដោយអ្នកកាសែតចំនួន ៤រូប។ វាត្រូវបានចុះឈ្មោះនៅក្នុងប្រទេសបារាំង ដោយឈ្មោះជាអង្គការមិនរកប្រាក់ចំណេញ និងមានការប្រឹក្សាពីអង្គការសហប្រជាជាតិ និងអង្គការយូណេស្កូ។ អង្គការ​អ្នករាយការណ៍គ្មានព្រំដែន ធ្វើការតស៊ូមតិលើសេរីភាពប្រព័ន្ធផ្សព្វផ្សាយ គាំទ្រប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ និងការពារអ្នកកាសែតដែលស្ថិតក្នុងសភាពគ្រោះថ្នាក់នៅទូទាំងពិភលោក។ បេសកកម្មរបស់អង្គការមួយនេះរួមមាន៖

  • បន្តការត្រួតពិនិត្យទៅលើការវាយប្រហារទៅសេរីភាពព័ត៌មាន នៅទូទាំងពិភពលោក
  • ថ្កោលទោសការវាយប្រហារនានាលើប្រព័ន្ធផ្សព្វផ្សាយ
  • ធ្វើសកម្មភាពដោយសហការជាមួយរដ្ឋាភិបាល ដើម្បីប្រយុទ្ធប្រឆាំងនឹងការចាប់ពិរុទ្ធ និងច្បាប់ដែលរឹតបន្តឹងសេរីភាពក្នុងការបញ្ចេញមតិ
  • ជួយអ្នកកាសែតដែលត្រូវបានគេធ្វើទុក្ខបុកម្នេញ ព្រមទាំងក្រុមគ្រួសាររបស់គេ ខាងស្មារតី​​ និងហិរញ្ញវត្ថុ
  • ផ្ដល់ជំនួយខាងសម្ភារៈ ដល់អ្នកឆ្លើយឆ្លងព័ត៌មាន​សង្គ្រាម នៅក្នុងគោលបំណងបង្កើនសុវត្ថិភាពរបស់ពួកគេ។

ចាប់តាំងពីឆ្នាំ១៩៩៤មក សាខាអង្គការ​នេះ​នៅ​ប្រទេស​អាល្លឺម៉ង់ សកម្មនៅក្នុងទីក្រុងប៊ែកឡាំង។ ទោះបីជាសាខាអាល្លឺម៉ង់នេះ បានធ្វើការយ៉ាងជិតស្និទ្ធជាមួយលេខាធិការដ្ឋានអន្ដរជាតិនៅទីក្រុងប៉ារីស ដើម្បីស្រាវជ្រាវ និងវាយតម្លៃសេរីភាពប្រព័ន្ធផ្សព្វផ្សាយ នៅទូទាំងពិភពលោកនោះក៏ដោយ វានៅតែមានតួនាទីរៀបចំ និងគ្រប់គ្រងផ្នែកហិរញ្ញវត្ថុដោយឯករាជ្យ។ នៅក្នុងតួនាទីនេះ អង្គការ​សាខា​នេះ​បានដាក់ពាក្យ​ស្នើ​សុំ​ជំនួយ ពី​ក្រសួងសហព័ន្ធអាល្លឺម៉ង់ សម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងការអភិវឌ្ឍ ដើម្បីផ្តល់ហិរញ្ញប្បទានដល់គម្រោងការត្រួតពិនិត្យភាពជាម្ចាស់នៃប្រព័ន្ធផ្សព្វផ្សាយនេះ។