នយោបាយ

ចាប់តាំងពី​ឆ្នាំ១៩៨៥​មក ប្រទេស​កម្ពុជាមានស្ថិរភាព​លើ​ទំនាក់ទំនង​នយោបាយ ​ក្រោម​ការដឹកនាំរបស់​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន​ សែន​។ បន្ទាប់​ពី​សន្ធិសញ្ញា​ទីក្រុង​ប៉ារីសត្រូវបាន​ចុះហត្ថលេខា​ ក្នុងឆ្នាំ១៩៩១ ប្រទេស​នេះត្រូវបាន​គ្រប់គ្រង​ដោយ​អាជ្ញាធរ​បណ្តោះអាសន្ន​ នៃ​អង្គការសហប្រជាជាតិ ហើយ​ការ​បោះឆ្នោត​ថ្នាក់ជាតិ​ទូទាំង​ប្រទេស ​ត្រូវ​បាន​រៀបចំ​នៅ​ឆ្នាំ១៩៩៣​។ ទោះបីជាលោក​ ហ៊ុន ​សែន បាន​បរាជ័យ​ក្នុង​ការបោះឆ្នោត​នេះ តែលោក​បាន​បដិសេធ​មិន​ព្រម​បោះបង់​អំណាច​។ ​នៅ​ទី​បញ្ចប់ អង្គការសហប្រជាជាតិ​ បាន​តែងតាំង​លោក​ជានាយករដ្ឋមន្ត្រី ដើម្បី​ធ្វើការ​បម្រើ​រួមគ្នា​ ជាមួយ​ព្រះអង្គម្ចាស់​នរោត្តម​រណឫទ្ធិ។ នៅក្នុង​ការបោះឆ្នោត​លើក​ទី​ពីរ នៅ​ឆ្នាំ​១៩៩៨ លោក ហ៊ុន​ សែន បាន​ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា ​ឱ្យ​ទទួល​ជ័យជម្នះ​ ដែល​ជា​ពេល​ទន់ខ្សោយ​នៃ​រដ្ឋាភិបាល​ចម្រុះ ​ចំពោះ​គណបក្ស​​ហ្វ៊ុន​ស៊ិនប៉ិច​របស់​ព្រះអង្គម្ចាស់នរោត្តមរណឫទ្ធិ​។ ចាប់តាំងពី​ពេលនោះ​មក អំណាច​នយោបាយត្រូវបាន​ប្រមូលផ្តុំ​ឆ្ពោះទៅ​រក​គណបក្ស​ប្រជាជន​កម្ពុជា ដែល​បច្ចុប្បន្ន បាន​កាន់កាប់​ពីរភាគបី​នៃ​អាសនៈ​រដ្ឋសភា​។ បច្ចុប្បន្ននេះ ជា​អាណត្តិ​ទី​ប្រាំ​របស់លោក ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី ហើយ​លោកជា​មេដឹកនាំ​មួយរូប​ដែល​កាន់​តំណែង​យូរ​បំផុត​នៅលើ​ពិភពលោក​។​

​នៅក្នុង​ឆ្នាំ១៩៩៥ គណបក្ស​ប្រឆាំង​ជា​ផ្លូវការ​លើកទីមួយ ត្រូវបាន​បង្កើត​នៅ​ក្រោម​ឈ្មោះ គណបក្ស​សមរង្ស៊ី​។ គណបក្ស​នេះ​ដឹកនាំ​ដោយលោក​ សម ​រង្ស៊ី ជា​តំណាងរាស្ត្រ​នៅ​មណ្ឌល​សៀមរាប​នា​ពេល​នោះ ហើយ​ក្រោយមក គណបក្ស​នេះបាន​រួម​បញ្ចូល​គ្នា​ជាមួយ​គណបក្សសិទ្ធិមនុស្ស (HRP) ។ គណបក្ស​សិទ្ធិ​មនុស្ស​ បាន​បង្កើតឡើង​នៅក្នុង​ឆ្នាំ​២០០៧ ដោយ​លោក​ កឹម សុខា ដែល​ជា​អតីត​ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា និង​ជា​ស្ថាបនិក​នៃ​កម្មវិធី​វិទ្យុ​វី​អូ​ឌី​។ គណបក្ស​ទាំង​ពីរ​ ពោល​គឺ​គណបក្ស​សមរង្សុី និង​គណបក្ស​សិទ្ធិ​មនុស្ស​ បាន​រួម​បញ្ចូល​គ្នា​នៅ​ឆ្នាំ២០១២ ហើយ​បាន​បង្កើត​ជា​គណបក្ស​សង្គ្រោះ​ជាតិ​កម្ពុជា (CNRP) ដែល​មាន​និន្នាការ​ប្រឆាំង​នឹង​គណបក្ស​ប្រជាជន​កម្ពុជា ​ក្នុង​ការបោះឆ្នោត​សភាជាតិ ​ឆ្នាំ២០១៣។​

​ទោះបីជា​គណបក្ស​ប្រជាជន​កម្ពុជា ​បាន​គ្រប់​ដណ្តប់​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជាច្រើន​ ក្នុងអំឡុងពេល​នៃ​យុទ្ធនាការបោះ​ឆ្នោត​ក៏​ដោយ​ ក៏គណបក្ស​ប្រជាជន​កម្ពុជា បាន​បាត់បង់​អាសនៈ​ជា​ច្រើនក្នុង​សភា​ ប៉ុន្តែ​នៅតែ​ទទួលបាន​សំឡេង​ច្រើន​ជាង​​គណបក្សប្រឆាំង​។ គណបក្ស​សង្គ្រោះ​ជាតិ បាន​ចោទប្រកាន់​គណបក្ស​ប្រជាជន​កម្ពុជា​ ពី​បទ​ក្លែងបន្លំ​ក្នុង​ការបោះឆ្នោត​ ហើយ​បាន​ធ្វើពហិការ​មិន​ចូល​សភា និងចាប់ផ្តើម​យុទ្ធនាការ​ប្រឆាំង​នឹង​គ​ណ​បក្ស​កាន់​អំណាច ដែល​ឈាន​ដល់​ចំណុចកំពូល​ នៅ​ចុងឆ្នាំ​២០១៣​។ ពោល​គឺមាន​មនុស្ស​រាប់ពាន់​នាក់ បាន​ដើរ​ក្បួន​កាត់​តាម​រាជធានី​ភ្នំពេញ ទាមទារ​ឱ្យ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន​ សែន ​លាលែង​ពី​តំណែង​។​

​ប្រព័ន្ធ​ផ្សព្វផ្សាយ បាន​ក្លាយជា​វេទិកាយ៉ាង​ប្រសើរ​មួយ សម្រាប់​គណបក្ស​កាន់អំណាច ហើយ​ជា​មធ្យម
[គណបក្ស​ប្រជាជន​កម្ពុជា ទទួលបាន​ការផ្សព្វផ្សាយ​តាម​ទូរទស្សន៍​ច្រើន​បំផុត​]។ កាលពី​ខែ​កក្កដា ឆ្នាំ២០១៤ [ភាគី​ទាំងពីរ​ រួម​មាន​គណបក្ស​ប្រជាជន និង​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​យល់ព្រម​ធ្វើការ​រួមគ្នា ​នៅក្នុង​រដ្ឋសភាជាតិ]។​

​ការសម្រុះសម្រួល​ផ្នែក​នយោបាយ​នេះ មាន​ឥទ្ធិពល​លើ​គោលការណ៍​នៃ​ការអនុវត្តន៍​ផ្នែក​សារព័ត៌មាន និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​រដ្ឋាភិបាល​។ ការចោទប្រកាន់ចំពោះការធ្វើ​របាយការណ៍តែ​ម្ខាង​ ឬ​មិន​ពិត ​ត្រូវបាន​លើកឡើង​ជា​ញឹកញាប់​។ ក្នុងនាម​ជាអ្នកកាសែត​ ត្រូវ​ប្រឈមមុខ​នឹង​បណ្តឹង​បទ​បរិហារកេរ្តិ៍ សម្រាប់​ការបោះពុម្ពផ្សាយ​មាតិការិះគន់​រាជរ​ដ្ឋា​ភិបាល និង​គណបក្សកាន់អំណាច ហើយ​វា​ធ្វើឲ្យ​អ្នកសារព័ត៌មាន​ មាន​ការភ័យខ្លាច​ក្នុង​ការធ្វើ​សេចក្តីអធិប្បាយ​ លើ​បញ្ហារសើប​នៃ​រឿង​នយោបាយ​។ ដោយ​កង្វះ​នូវ​សិទ្ធិ​ការពា​រលើ​អ្នកកាសែត និង​អ្នក​បញ្ចេញ​ព័ត៌មាន វា​បាន​ក្លាយជា​កក្តា​ដ៏​សំខាន់ ​ក្នុងការ​រា​រាំង​អ្នកកាសែត​ក្នុង​ការគាស់កកាយ​បញ្ហា​មួយចំនួន [Sok Som Oeun, ២០១៥]។​

​ទន្ទឹម​នឹង​គ្នា​នេះ​ផង​ដែរ ទោះបី​ស្ថានភាព​សេរីភាព​សារព័ត៌មាន មាន​លក្ខណៈ​កាន់តែ​ប្រសើរ បើ​ប្រៀបធៀប​ទៅ​នឹង​ប្រទេស​ជិតខាង វា​នៅតែ​មាន​ការ​រឹត​បន្តឹង​មួយចំនួន​ ដោយសារ​តែ​ជម្លោះ​ផ្នែក​នយោបាយ និង​សង្គម​ ដែល​កំពុងតែ​បន្ត​នៅក្នុង​ប្រទេស​មួយ​នេះ​។​

​ប្រភព​:

Roberts (2011). The Media Map Project Cambodia. Case Study on Donor Support to Independent Media, 1990-2010.
The Electoral Reform Alliance (2013). Joint-report on the conduct of the 2013 Cambodian elections
Sok Som Oeun (2015). Media Ownership Monitor - Legal Assessment​

 

  • គណបក្ស​ប្រជាជន​កម្ពុជា (៤៨,៨៣%)

  • ​គណបក្ស​សង្គ្រោះ​ជាតិ ​(៤៤,៤៦%)

  • ​គណបក្ស​ហ្វ៊ុន​ស៊ិនប៉ិច​ (៣,៦៦%)

  • គណបក្ស​សម្ព័ន្ធ​ប្រជាធិបតេយ្យ (១,០៣%)

  • ​គណបក្ស​ខ្មែរ​ឈប់​ក្រ (០,៦៥%)

​គណបក្ស​ប្រជាជាតិ​ខ្មែរ​ (០,៥៨%)



ប្រភព៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត