បញ្ញត្តិកម្ម​ប្រព័ន្ធ​ផ្សព្វផ្សាយ​

​ការធ្វើ​បញ្ញត្តិកម្ម​ទៅលើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​កំពុងស្ថិត​នៅ​ក្នុង​ដំណាក់កាល​ដំបូង​នៅ​ឡើយ​៖

•​ ​ពុំទាន់​មាន​យន្តការ​ប្រកបដោយ​តម្លាភាព​ និង​លក្ខណៈ​ប្រជាធិបតេយ្យ​ឡើយ ក្នុង​ការផ្ដល់ បន្ត ឬ​ដកហូតអាជ្ញាប័ណ្ណ​របស់គ្រឹះស្ថាន​ឃោសនា ​និង​បោះពុម្ពផ្សាយ​នោះទេ​៖ ជំនួស​នូវ​ការបង្កើត និង​ចាត់តាំង​អាជ្ញាធរ​ផ្នែក​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ ផ្ទុយទៅវិញ ក្រសួង​ព័ត៌មានជា​ស្ថាប័ន​តែមួយ​គត់​ ដែល​មាន​ភារកិច្ច​ក្នុងការផ្ដល់​ និង​ដកហូត​អាជ្ញាប័ណ្ណដែល​ខ្វះ​នូវ​តម្លាភាព​។ ការ​ខ្វះ​នូវ​តម្លាភាព​ ក៏​ដោយសារ​តែ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ជា​មនុស្ស​តែ​ម្នាក់​គត់​ដែល​ត្រូវ​សម្រេច​ថា ប្រព័ន្ធ​ផ្សព្វផ្សាយ​មួយណា​គួរ​តែ​បន្ត​ការផ្សាយ និង​មួយណា​ត្រូវ​បញ្ឈប់ ដោយ​មិន​ចាំបាច់​ថ្លឹងថ្លែង​ពី​ហេតុផល​នៃ​ការសម្រេចចិត្ត​របស់​គាត់ ក៏​ដូច​ជា​លក្ខណៈ វិនិច្ឆ័យ​ប្រកបដោយ​ភាព​សត្យានុម័ត​នោះឡើយ​។​

•​ ​អវត្តមាន​ការយកចិត្ត​ទុកដាក់​ទៅលើ​ការការពារ​បទប្បញ្ញត្តិ​៖ កម្ពុជា​ពុំ​ទាន់​មាន​យន្តការផ្នែក​ច្បាប់​ណាមួយ ដែល​ចែង​ពី​ការកម្រិត ឬ​កំណត់​លើ​ការបង្ហាញ​អត្តសញ្ញាណ​កម្មសិទ្ធិ និង​/​ឬ​ការគ្រប់គ្រង​ផ្នែក​ប្រព័ន្ធ​ផ្សព្វផ្សាយ​នោះ​ទេ​។ ពោល​គឺ មិន​មាន​ទាំង​នៅក្នុង​ច្បាប់​ទាក់ទង​នឹង​វិស័យ​នេះ ទាំងច្បាប់​ស្ដីពី​ការប្រកួតប្រជែង​។ យន្តការ​ការពារ​បទ​ប្បញ្ញត្តិ ដើម្បី​ទប់ស្កាត់​ការ​គ្រប់គ្រង​កម្មសិទ្ធិ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ច្រើន​ក្នុង​ពេល​តែមួយ (​ទាំង​ក្នុង​គ្រឹះស្ថាន​បោះផ្សាយ គ្រឹះស្ថាន​ផ្សព្វផ្សាយសំឡេង ​ក៏​ដូចជា​សារព័ត៌មាន​តាមប្រព័ន្ធ​អុីន​ធឺ​ណិត​) ក៏​មិន​ទាន់​ឃើញ​មាន​ផងដែរ​។ ទោះបី​បញ្ញត្តិ​បែបនេះ មានចែង​ក្នុង​ជំពូក​នៃ​​ច្បាប់​ស្ដីពីការប្រកួតប្រជែង (​មាត្រា​១៧ ច្បាប់​ស្ដីពី​របប​សារព័ត៌មាន​) ក៏ដោយ ក៏​ប៉ុន្តែ​វា​មាន​សុពល​ភាព​តែ​នៅលើ​គ្រឹះស្ថាន​បោះពុម្ពផ្សាយ​ ដូចជា​កាសែត និង​ទស្សនា​វដ្ដីតែ​ប៉ុណ្ណោះ (១) ខណៈពេល​ដែល​ស្ថាប័ន​វិទ្យុ និង​ទូរទស្សន៍​ មិនទាន់​មាន​បទប្បញ្ញត្តិ​ណា​ជាក់លាក់​គ្របដណ្ដប់​ឡើយ ក្រៅ​តែ​ពី​ច្បាប់​ស្ដីពី​ការប្រកួតប្រជែង​។​

•​ ​កង្វះ​បញ្ញត្តិកម្ម​ទៅលើ​ច្បាប់​គ្រប់គ្រង​ក្រុមហ៊ុន​ឯកជន ​(​ជា​គ្រឹះស្ថាន​ផ្សព្វផ្សាយ​)៖ ក្រុមហ៊ុន​នានា អាច​លក់ ឬ​ផ្ទេរ​ភាគហ៊ុន​របស់​ពួកគេ ឬក៏​ច្របាច់​បញ្ចូល​គ្នា​បាន​ ដោយ​ប្រើ​តែ​ច្បាប់​ទម្លាប់​របស់​ពួកគេ​រៀងៗ​ខ្លួន​តែប៉ុណ្ណោះ​។ ក្រសួង​ព័ត៌មាន​ទំនងជា​មាន​សិទ្ធិ​អំណាច​ជំទាស់​នឹង​ការលក់​ ឬ​ផ្ទេរ​ក្រុមហ៊ុន ប៉ុន្តែ​ពុំ​ទាន់​មានករណី​ណាមួយ​ដែល​ក្រសួង​ធ្វើការ​ជំទាស់​នោះទេ​។ តាម​ជាក់ស្ដែង ករណី​ការច្របាច់បញ្ចូលគ្នា​ ជា​ករណីកម្រ​បំផុត តែ​ផ្ទុយទៅវិញ ​ក្រុមហ៊ុន​ផ្សព្វផ្សាយ​មួយ​ចំនួន​ ច្រើន​តែ​និយម​ក្នុង​ការពង្រីក​ខ្លួន​បន្ថែម ជាមួយនឹងការទទួល​បាន​ហ្វ្រេកង់​ផ្សាយ​កាន់តែច្រើន ដូចជា ទូរទស្សន៍​បាយ័ន​បាន​ពង្រីក​បន្ថែម​ជា​ទូរទស្សន៍​បាយ័នព័ត៌មាន, ទូរទស្សន៍​ស៊ី​ធី​អិន បាន​ពង្រីក​បន្ថែម​ជា​ទូរទស្សន៍​ស៊ី​អិន​ស៊ី និង​ទូរទស្សន៍​ហង្ស​មាស បាន​ពង្រីកបន្ថែម​ជា​ទូរទស្សន៍រស្មី​ហង្ស​មាស ​ជា​ដើម​។ រាល់​ការពង្រីក​ ស្ថានីយនានាមិន​បាន​ឆ្លង​ការវាយតម្លៃ​ជា​រួម​ណាមួយ​ឡើយ​។​

--------------

(១) ប្រជាជន​កម្ពុជា​មាន​សិទ្ធិ​គ្រប់​គ្រង​កាសែត​ ច្រើន​បំផុត​ពីរ រី​ឯ​ជន​បរទេស​ មិន​អនុញ្ញាត​ឲ្យមាន​លើស​ ២០%​ ក្នុង​ទីផ្សារ​នោះទេ​។ ទោះជា​យ៉ាងណា​ក៏ដោយ ពួកគេ​អនុញ្ញាតឲ្យ​ប្រកប​ជំនួញ​លើ​ផ្នែក​ប្រព័ន្ធ​ផ្សព្វផ្សាយ​ ទាំងទស្សនា​វ​ដ្តីជា​ភាសា​ខ្មែរ​ ទាំងភាសាបរទេស ការ​សែត ​និង​ព្រឹត្តប័ត្រ​បទេស ព្រមទាំង​វិទ្យុ និង​ទូរទស្សន៍​។​

•​ មិនមាន​អាជ្ញាធរ​ឯករាជ្យ​ ដែល​ធ្វើការ​ទទួលបន្ទុក​ផ្នែក​ប្រព័ន្ធ​ផ្សព្វផ្សាយ ការប្រកួតប្រជែង និង​ផ្នែកទូរគមនាគមន៍ ក្នុងការ​ពិចារណា​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ និង​ត្រឹមត្រូវ ​អំពី​ភាព​ចម្រុះ​នៃ​ប្រព័ន្ធ​ផ្សព្វផ្សាយ ក្នុងពេលដែល​ធ្វើការ​អនុវត្ត​បទប្បញ្ញត្តិ​នានា​ ទៅ​លើ​វិស័យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​នោះ​ទេ​។ ហេតុដូច្នេះ​ហើយ ទាំង​ការផ្ដោត​ទៅលើ​ពហុភាព​នៃ​ប្រព័ន្ធ​ផ្សព្វផ្សាយ ក៏​ដូចជា​ការទិញ​ ឬ​ច្របាច់​បញ្ចូល​នៃ​ក្រុមហ៊ុន​បរទេស មិន​ត្រូវបាន​គេ​ធ្វើការ​វាយតម្លៃ​ទុកជាមុន​ឡើយ​។​

•​ មិន​មាន​គម្រោង​បង្កើត​ប្រព័ន្ធ​ផ្សព្វផ្សាយ​សាធារណៈ​នោះ​ទេ​៖ បើទោះជា​វា​មាន​តួនាទី​ក្នុង​ការធានា​បង្កើត​នូវ​ភាព​សម្បូរបែប ​ផ្នែក​ខ្លឹមសារ​ផ្សាយ និង​បម្រើ​ដល់​ផលប្រយោជន៍​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងមូល​ក៏​ដោយ​។ ពាក្យ​ថា ប្រព័ន្ធ​ផ្សព្វផ្សាយ​សាធារណៈ សំដៅ​ទៅលើ​ប្រព័ន្ធ​ផ្សព្វផ្សាយឯករាជ្យ សម្បូរបែប និង​មាន​លក្ខណៈ​ដឹកនាំ​ជា​ទម្រង់​បែប​ស្ថាប័ន (​ទៅតាម​ច្បាប់​ដែល​ចែង ឬ​អនុវត្ត​ដោយ​ស្ម័គ្រចិត្ត​តាម​វិន័យ​) ដើម្បី​ធានា​នូវភាព​ចម្រុះ​នៃ​មតិ​ ទស្សនៈ ក៏ដូចជា​គុណភាព​នៃ​កម្មវិធី នៅក្នុង​ទីផ្សារ​នៃ​ប្រព័ន្ធ​ផ្សព្វផ្សាយ​។ ប្រព័ន្ធ​ផ្សព្វផ្សាយ​សាធារណៈ ក៏​ជា​និយមន័យ​មួយ​នៃ​មុខងារ​របស់​សារព័ត៌មាន​ផង​ដែរ​៖ ព័ត៌មាន កម្សាន្ត អប់រំ។ ប្រព័ន្ធ​ផ្សព្វផ្សាយ​សាធារណៈ​ ដំណើរការ​ទៅ​បាន​អាស្រ័យ​ការផ្ដល់​ជា​វិភាគទាន ​ពី​សំណាក់​សាធារណជន ហើយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​បែបនេះ​ មាន​លក្ខណៈ​ឯករាជ្យ និង​មិន​ចំណុះ​ឱ្យ​រដ្ឋាភិបាល​ឡើយ​។​​

ដើម្បី​ទទួលបាន​អាជ្ញាប័ណ្ណ​ដំណើរការ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ គេ​ត្រូវ​ឆ្លងកាត់ ​៥​ ដំណាក់កាល​៖

១. ដាក់សំណើ​ដាច់ដោយឡែក​មួយ ផ្ញើ​ជូន​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន។
២. បញ្ជាក់​ និង​បង្ហាញ​ប្រវត្តិរូប​របស់​និយោជក ឬ​និពន្ធ​នាយក រួច​ដាក់​ភ្ជាប់​នូវក្រមសីលធម៌ ​វិជ្ជាជីវៈ និង​វិន័យ​ បទបញ្ជាផ្ទៃក្នុង​របស់​ស្ថាប័ន​។​
៣. មាន​បង្កាន់ដៃ​ចេញ​ដោយ​អាជ្ញាធរ​មូលដ្ឋាន​។​
៤. ដាក់​ភ្ជាប់​ជាមួយ​នឹង​លិខិត​ថ្កោលទោស​។​
៥. ចុះហត្ថលេខា​លើ​កិច្ចសន្យា​ ដែល​តម្រូវ​ដោយ​ក្រសួង​ព័ត៌មាន ដែល​មាន​ចែង​ជា​អាទិ៍​ថា​៖ “​គោរព​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​”​ ដែល​ជា​ឧទាហរណ៍ ហាមឃាត់​ការ​គូស​រូប​ត្លុក​ចំអក​ឱ្យ​ថ្នាក់ដឹកនាំ​ប្រទេស និង​ព្រះមហាក្សត្រ​ ជាដើម​។ ទាំងនេះ​មាន​ចែង​នៅក្នុង “​ក្រមសីលធម៌​” ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវគោរព​តាម​ការកំណត់​របស់​ក្រសួង​។​


​ប្រភព​:​ ក្រសួង​ព័ត៌មាន (​ឆ្នាំ​២០១៥)

 

នរណា​ជា​អ្នកទទួលខុសត្រូវ​ធ្វើ​បញ្ញត្តិតកម្ម​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​

​សព្វថ្ងៃនេះ​ មាន​ក្រសួង​រដ្ឋាភិបាល​ចំនួន​ពីរ​ ដែល​កំពុងតែ​មាន​ភារកិច្ច​ធ្វើ​បញ្ញត្តិកម្ម​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ ​រួមមាន ក្រសួង​ព័ត៌មាន​ គ្រប់គ្រង​ទៅ​លើ​ផ្នែក​ព័ត៌មាន ​និង​ខ្លឹមសារ រីឯ​ក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍ ​(​តាម​បទបញ្ជា​របស់​រដ្ឋាភិបាល​)​ គ្រប់គ្រង​ទៅ​លើ​ផ្នែក​ទម្រង់​បច្ចេកទេស​។​

 

ច្បាប់គ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយ

ថ្ងៃផ្សាយ៖ ថ្ងៃព្រហស្បតិ៍ ទី២៤ ខែធ្នូ ឆ្នាំ​​២០១៥

ម៉ោងផ្សាយ៖ ១១:០០ – ១១:៥៥ ព្រឹក​

កម្មវិធី​ផ្សាយផ្ទាល់ពិសេស៖ បង្កើតឱ្យមានតម្លាភាព និងពហុនិយមនៃភាពជា​ម្ចាស់លើប្រព័ន្ធផ្សព្វផ្សាយ

ឧបត្ថម្ភដោយ៖

ប្រធានបទ៖ ច្បាប់គ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយ

វាគ្មិន៖

  1. ឯកឧត្តម អ៊ុក គឹមសេង អនុរដ្ឋលេខាធិការ ក្រសួងព័ត៌មាន
  2. លោកមេធាវី សុក សំអឿន ប្រធានក្រុមមេធាវីអមរិន្ទ
  3. លោក មឿន ឈានណារិទ្ធិ​ នាយក​វិទ្យាស្ថានកម្ពុជា​សម្រាប់​ការសិក្សាផ្នែកសារព័ត៌មាន (ភ្ជាប់​តាមទូរស័ព្ទ)

 

ក្រសួង​ព័ត៌មាន

បញ្ញត្តិករ​ទូរគមនាគមន៍

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍