ម្ចាស់ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជា

អ្នកជំនួញធំៗ និងអ្នកជំនួញតូចតាច

ក្នុងចំណោមម្ចាស់ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយទាំង ២៧ ដែលត្រូវបានស៊ើបអង្កេត មាន ៩នាក់ ជាឧកញ៉ា ឬជា​អ្នក​មាន​ឥទ្ធិពល​​។ នេះមានន័យថា ពួកគេមានជាប់ពាក់ព័ន្ធជាមួយមុខជំនួញផ្សេងទៀត ក្រៅពីសកម្មភាពក្នុងប្រព័ន្ធផ្សព្វផ្សាយរបស់ពួកគេ រាប់ចាប់ពីវិស័យកសិកម្ម ពាណិជ្ជកម្មទូទៅ រហូតដល់អចលនទ្រព្យ។ ពួកគេមួយចំនួន ស្ថិតនៅក្នុងចំណោមមនុស្សដែលមានអំណាចបំផុតនៅក្នុងប្រទេស។ អ្នកជំនួញធំៗ និង​អ្នកមានអំណាច ​កាន់កាប់ទីផ្សារប្រព័ន្ធផ្សព្វផ្សាយមួយភាគធំ ដោយមាន ៣នាក់ ក្នុងចំណោមនោះ ប្រមូលបានយ៉ាងហោចណាស់ ៥៤% នៃអ្នកទស្សនាទូរទស្សន៍ ដែលជាវិស័យដ៏មានប្រជាប្រិយភាពបំផុតនៅកម្ពុជា។ ជារួម អ្នក​ទាំង ៩នាក់នេះ ជាម្ចាស់ប្រព័ន្ធផ្សព្វផ្សាយចំនួន ១៦ ដែលមានទូរទស្សន៍ដ៏ប្រជាប្រិយភាពចំនួន ៩​ ក្នុងចំណោម ១០ កាសែតបោះពុម្ពផ្សាយចំនួន ៣ ក្នុងចំណោមកាសែតធំៗចំនួន ៤ (៤០% នៃអ្នកអាន) មានប៉ុស្តិ៍វិទ្យុចំនួន ១ ក្នុងចំណោមវិទ្យុមានប្រជាប្រិយខ្លាំង មានគេហទំព័រចំនួន ៣ ក្នុងចំណោមគេហទំព័រដែលគេចូលអានច្រើនបំផុតនៅក្នុងប្រទេស (ទោះបីជាអ្នកចូលទស្សនា នៅមានចំនួនតិចក្តី) និងមានក្រុមហ៊ុនផ្តល់សេវាអុីនធឺណិតចំនួន ១ ក្នុងចំណោមក្រុមហ៊ុនដែលមានប្រជាប្រិយភាពខ្លាំងបំផុតក្នុងប្រទេស។

ជាទូទៅ ម្ចាស់ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជា គឺជាអ្នកជំនួញតូចតាច ភាគច្រើនពាក់ព័ន្ធជាមួយវិស័យប្រព័ន្ធផ្សព្វផ្សាយមួយតែប៉ុណ្ណោះ។

ការធ្វើជាម្ចាស់ស្ថានីយប្រព័ន្ធផ្សព្វផ្សាយមួយ អាចជាប្រយោជន៍សម្រាប់អ្នកដែលមានជំនួញនៅក្នុងវិស័យផ្សេងទៀត៖ យោងតាមក្រុមប្រឹក្សាយោបល់ MOM ម្ចាស់ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយ អាចចាប់អារម្មណ៍ក្នុងការប្រើក្រុមហ៊ុនរបស់គេ សម្រាប់ផ្សព្វផ្សាយសកម្មភាពជំនួញផ្សេងៗទៀត។ កត្តានេះធ្វើឱ្យប្រព័ន្ធផ្សព្វផ្សាយមានប្រយោជន៍សេដ្ឋកិច្ច ទោះបីជាទំហំប្រាក់ចំណេញពីវិស័យប្រព័ន្ធផ្សព្វផ្សាយ នៅតែត្រូវបានចោទជាសំណួរក៏ដោយ។ ជាឧទាហរណ៍៖

   • លោក ហេង សុវណ្ណ ជាម្ចាស់ក្រុមហ៊ុនជីមួយ និងប្រើប្រាស់ស្ថានីយវិទ្យុរបស់ខ្លួន ដើម្បីផ្សព្វផ្សាយពីមុខជំនួញនោះ។

   • លោក ជិន ភារុំ ជាម្ចាស់ក្រុមហ៊ុនសេវាកម្មផ្សេងៗ ចាប់ពីអចលនទ្រព្យរហូតដល់ពាណិជ្ជកម្មទូទៅ បានប្រើវិទ្យុទន្លេ FM របស់ខ្លួន ដើម្បីផ្សព្វផ្សាយមុខជំនួញទាំងនោះ។

ប្រព័ន្ធផ្សព្វផ្សាយដែលជាកម្មសិទ្ធិរបស់ជនបរទេស

វិស័យប្រព័ន្ធផ្សព្វផ្សាយកម្ពុជា គឺត្រូវបានរួមផ្សំដោយវត្តមាននៃម្ចាស់ក្រុមហ៊ុនជាជនបរទេស។ ក្នុងចំណោមប្រព័ន្ធផ្សព្វផ្សាយទាំង ៤១ ដែលត្រូវបានធ្វើការសិក្សា ក្រុមហ៊ុនចំនួន ៤ ជាកម្មសិទ្ធិទាំងស្រុងរបស់ជនជាតិអូស្ត្រាលី អាមេរិក ម៉ាឡេស៊ី និងបារាំង។

អ្នកផ្សេងទៀត

ក្នុងចំណោមម្ចាស់ក្រុមហ៊ុននៅសល់ចំនួន ៤នាក់ផ្សេងទៀត មានម្នាក់ជាអ្នកធ្វើការឲ្យអង្គការមិនមែនរដ្ឋាភិបាល ម្នាក់ជាតំណាងរាស្ត្រ​របស់​គណបក្សប្រឆាំង និងម្នាក់ទៀតជាសកម្មជននយោបាយ។