ប្រព័ន្ធផ្សព្វផ្សាយ​បង្កើត​ថ្មី

ទិដ្ឋភាពប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជា រាប់បញ្ចូលប្រព័ន្ធផ្សព្វផ្សាយថ្មីៗ យ៉ាងហោចណាស់ចំនួនពីរ គឺទូរទស្សន៍មួយ និងកាសែតមួយ។ ដោយសារតែស្ថានីយទូរទស្សន៍ និង​កាសែត​នេះ​ទើបចាប់​ផ្តើមសកម្មភាពផ្សាយ និង​បោះពុម្ព​របស់ខ្លួន នៅឆ្នាំ២០១៥នេះ គម្រោង​ MOM សម្រេចមិនបញ្ចូលស្ថាប័ន​ទាំង​ពីរ​នេះ​ ទៅ​ក្នុង​ចំណោម​ស្ថាប័ន​ដែល​ជាប់ពាក់ព័ន្ធបំផុត​ក្នុង​ការ​សិក្សានេះ​ទេ។ ដោយហេតុថា ប្រព័ន្ធផ្សព្វផ្សាយទាំងពីរ ទើបតែបង្កើតបានតិចជាងមួយឆ្នាំ ចំណែកទីផ្សារ​នៃ​ទស្សនិកជនដែល​យើង​មាន​ នៅមិនទាន់អាច​ប្រាប់​ពី​ប្រជាប្រិយភាព​នៃ​ស្ថាប័ន​ទាំង​ពីរ​នេះ​នៅ​ឡើយ​ទេ​។

យ៉ាងណាក្តី ជាការគួរឲ្យកត់សម្គាល់មួយ ដែលកំណើនរបស់ស្ថានីយថ្មីនេះ កំពុងមានសម្ទុះ​យ៉ាងខ្លាំង ហើយ​យុទ្ធសាស្ត្ររបស់គេ ក៏ហាក់មានភាពក្តៅគគុកជាងប្រព័ន្ធផ្សព្វផ្សាយមានស្រាប់ក្នុងទីផ្សារ។ ស្ថាប័ន​​ទាំងពីរ​នេះ កំពុងប្រមូលយកអ្នកយកព័ត៌មាន និងបុគ្គលិកការិយាល័យព័ត៌មានមានស្រាប់​ ដោយធ្វើ​ឲ្យមានការប្រកួតប្រជែងកាន់តែខ្លាំង ទាំងក្នុងវិស័យទូរទស្សន៍​ ទាំងវិស័យបោះពុម្ពផ្សាយ ដែលមានការប្រមូលផ្តុំខ្លាំងរួចស្រាប់ទៅហើយ។​