កម្មសិទ្ធិលើប្រព័ន្ធផ្សព្វផ្សាយ មាន​សារៈសំខាន់​ ដោយប្រព័ន្ធផ្សព្វផ្សាយជះឥទ្ធិពលលើការទទួលបានព័ត៌មានពិត និងការ​ជជែកពិភាក្សា ដែលបង្កើតបានជាមតិសាធារណៈ។ ឯករាជ្យភាព និងពហុនិយមនៃប្រព័ន្ធផ្សព្វផ្សាយ ទស្សនៈ និងការយល់ឃើញ រួមទាំងការទិតៀនអ្នកកាន់អំណាច គឺជាការធានាប្រព័ន្ធប្រជាធិបតេយ្យដ៏រឹងមាំមួយ។ ការឃ្លាំមើល និងការធានាពហុនិយមលើកម្មសិទ្ធិ​ គឺជាជំហានដំបូងឆ្ពោះទៅរកឯករាជ្យភាព និង​សេរីភាព​ក្នុង​ការ​ជ្រើសរើស។

តើប្រជាពលរដ្ឋអាច​វាយតម្លៃទៅ​លើ​ទំនុក​ចិត្ត​នៃ​​ព័ត៌មាន​​ បាន​ដោយ​របៀបណា ប្រសិន​បើ​ពួកគេ​មិន​ទាំង​ដឹង​ថា អ្នក​ណា​ជា​អ្នក​ផ្ដល់​ព័ត៌មាន​ទាំងនោះ? តើ​អ្នក​សារព័ត៌មាន​អាច​ធ្វើ​ការ​ដោយ​ត្រឹមត្រូវ ដោយ​របៀបណា ប្រសិន​បើ​ពួកគេ​មិន​ដឹង​ថា អ្នកណា​ជា​អ្នក​គ្រប់គ្រង​ក្រុមហ៊ុន​ដែល​ពួកគេ​កំពុង​ធ្វើការឲ្យ? តើ​បញ្ញត្តិករ​​ (អាជ្ញាធរ) ប្រព័ន្ធផ្សព្វផ្សាយ អាចដោះស្រាយបញ្ហា​ការ​ប្រមូល​ផ្ដុំ​ដ៏​លើសលប់​​នៃ​ប្រព័ន្ធផ្សព្វផ្សាយ​ បាន​ដោយ​របៀបណា ប្រសិន​បើ​ពួកគេ​មិន​ដឹង​ថា​ អ្នក​ណា​ជា​អ្នក​នៅ​ពី​ក្រោយ​ការ​កាច់​ចង្កូត​នៃ​ប្រព័ន្ធផ្សព្វផ្សាយ​ទាំង​នោះ​?

រចនាសម្ព័ន្ធ​នៃ​ភាព​ជា​កម្មសិទ្ធិ ក៏អាចប៉ះពាល់លើការចាត់ចែងធនធានរបស់ស្ថាប័ន​ប្រព័ន្ធផ្សព្វផ្សាយមួយ​ផងដែរ ដូច្នេះវានឹងប៉ះពាល់កម្លាំងសេដ្ឋកិច្ច និងប្រសិទ្ធភាពរបស់ប្រព័ន្ធ​ផ្សព្វផ្សាយ​ ហើយនេះ​គឺជាចំណុច​សំខាន់​សម្រាប់វិនិយោគិន។